អត្ថប្រយោជន៍ជាច្រើននៃផ្លែត្របែក ឃើញផ្លែឈើតូចប៉ុន្តែគុណសម្បត្តិមិនតូចទេ
ផ្លែត្របែកមានដើមកំណើតមកពីបណ្តាប្រទេសនៅអាមេរិកកណ្តាលនិងឥណ្ឌាខាងលិច។ ឃើញផ្លែត្របែកតូចនិងមានតម្លៃថោកមែន ប៉ុន្តែបើក្រឡេកទៅមើលពីអត្ថប្រយោជន៍វិញមិនតិចនោះទេ។ ថ្ងៃនេះយើងបានប្រមូលនូវអត្ថប្រយោជន៍ ៧ យ៉ាងរបស់ផ្លែត្របែកដែលអ្នកគួរដឹង។
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ផ្លែត្របែក
១.សម្រាប់សុខភាពភ្នែក
ផ្លែត្របែកសម្បូរទៅដោយវីតាមីន A ដែលយើងទាំងអស់គ្នាបានដឹងហើយថាវីតាមីន A ជួយក្នុងឲ្យភ្នែកភ្លឺថ្លាមើលឃើញច្បាស់។ វាក៏ជួយបន្ថយអត្រាកើតជំងឺភ្នែកឡើងបាយ និងការចុះខ្សោយនៃកែវភ្នែកផងដែរ
២. ជំងឺទឹកនោមផ្អែម
ជាតិសរសៃនៅក្នុងផ្លែត្របែកអាចជួយកាត់បន្ថយលំហូរជាតិស្ករនៅក្នុងឈាម។ តាមការស្រាវជ្រាវវាត្រូវបានគេរកឃើញផងដែរថា ការទទួលទានត្របែកជាប្រចាំអាចជួយការពារជំងឺទឹកនោមផ្អែមប្រភេទ ២ បានទៀតផង ។
៣. សម្រកទម្ងន់
ផ្លែត្របែកគឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលចង់ស្រកទម្ងន់អាចញ៉ាំជាអាហារសម្រន់ក៏បាន។ ព្រោះផ្លែត្របែកមិនមានកូឡេស្តេរ៉ុលនិងមានជាតិស្ករ តិចបើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀតដូចជាផ្លែប៉ោម ផ្លែក្រូច និងផ្លែទំពាំងបាយជូរជាដើម។
៤. ជំនួយដល់ខួរក្បាល
ផ្លែត្របែកមានវីតាមីន B3 និង B6 ដែលទាំងពីរនេះជួយដល់មុខងារខួរក្បាល។ ជាពិសេសវាជួយឲ្យអ្នកផ្តោតអារម្មណ៍បានល្អជាងមុនផងដែរ។
៥. សម្ពាធឈាម
តាមការស្រាវជ្រាវ ត្រូវបានគេរកឃើញថា ផ្លែត្របែកអាចបន្ថយកម្រិតសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលព្រោះផ្លែត្របែកជាផ្លែឈើដែលមានជាតិសរសៃខ្ពស់។
៦. ស្បែក
ផ្លែត្របែកមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវានឹងជួយឱ្យស្បែករបស់អ្នកកាន់តែភ្លឺចែងចាំង និងកាត់បន្ថយភាពចាស់មុនអាយុឬបញ្ហាស្នាមអុចខ្មៅដោយសារវ័យ។
៧. មាត់
ក្រៅពីផ្លែត្របែកស្លឹកត្របែកក៏មានប្រយោជន៍ផងដែរ។ ទឹកស្លឹកត្របែកអាចជួយបំបាត់បញ្ហាឈឺធ្មេញហើមអញ្ចាញធ្មេញនិងកម្តៅក្នុងមាត់៕