បណ្តុំអាហារដែលជួយឲ្យភ្នែកភ្លឺថ្លា មានសុខភាពល្អ
អាហារដែលសម្បូរទៅដោយជីវជាតិល្អៗ និងវីតាមីនមួយចំនួនដូចជា វីតាមីន E វីតាមីន A ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពភ្នែក។ បើបានញ៉ាំជាប្រចាំនោះភ្នែករបស់អ្នកនឹងភ្លឺស្រស់ថ្លាមានសុខភាពល្អ។
អាហារដែលមានជាតិវីតាមីន
គួរជ្រើសរើសអាហារដែលមានវីតាមីន EនិងA ព្រោះវាមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ភ្នែកស្ងួតនិងជំងឺខ្វាក់មាន់ផងដែរ។ អាហារទាំងនោះរួមមាន ស៊ុត ថ្លើមសត្វ ប្រេងផលិតពីត្រី បន្លែពណ៌លឿងនិងក្រហមដូចជា ឪឡឹក ប៉េងប៉ោះ ល្ហុង ស្វាយ ការ៉ុត...។
អាហារដែលមានជាតិកាល់ស្យូមខ្ពស់
ជាតិកាល់ស្យូមអាចជួយបំពេញនូវកោសិកានៃស្រទាប់ប្រស្រីភ្នែកខ្មៅ។ ហេតុនេះហើយអ្នកគួរញ៉ាំអាហារដែលមានជាតិកាល់ស្យូមខ្ពស់ដូចជា បង្គា ក្តាម អយស្ទ័រ ងាវ...។ សម្រាប់ផ្លែឈើមានដូចជា ក្រូច ទំពាំងបាយជូរ...។
អាហារដែលមានជាតិផូស្វ័រ
រាងកាយមនុស្សយើងត្រូវការជាតិផូស្វ័រ ព្រោះវាអាចជួយបង្កើនភាពរឹងមាំនៅបរិវេណផ្នែកសជុំវិញប្រស្រីភ្នែក។ អាហារដែលល្អបំផុតរួមមាន យ៉ាអួរ ស៊ុត សាច់សត្វ សណ្តែក ត្រី...។
អាហារដែលមានជាតិស័ង្កសី
ដើម្បីជួយឲ្យភ្នែកមានសុខភាពល្អ និងភ្លឺស្រស់ថ្លា អ្នកគួរញ៉ាំបន្ថែមនូវអាហារដែលមានជាតិស័ង្កសី។ ក្នុងនោះមានដូចជា៖ អាហារសមុទ្រ គ្រាប់ធញ្ញជាតិ សាច់គោ បន្លែពណ៌បៃតង។