News information | aligo.com.kh
Create Your World
X You has been :
X You has been :

មកដឹងអាថ៌កំបាំងមួយចំនួន ដើម្បីទទួលបានស្បែកភ្លឺចែងចាំងដូចកញ្ចក់ ដែលនារីកូរ៉េភាគច្រើនពេញនិយម

ប្រសិនបើស្បែករបស់អ្នកស្រស់ស្អាតនិងមានសុខភាពល្អដោយគ្មានបញ្ហានោះវាពិតជាអស្ចារ្យណាស់។ តើ​អ្នក​ចង់បានស្បែកបែបនោះ​ដែរ​ទេ??? កុំផ្តោតតែលើការតុបតែងមុខជាមួយគ្រឿងសម្អាងគ្រប់ប្រភេទ ដើម្បីបិទបាំងស្បែករបស់អ្នកឱ្យមើលទៅស្អាតឥតខ្ចោះ។ ប៉ុន្តែត្រូវតែឧស្សាហ៍ព្យាយាមថែរក្សាស្បែកឱ្យបានទៀងទាត់និងត្រឹមត្រូវ ដើម្បីថែបំប៉នស្បែកឱ្យស្រស់ស្អាតភ្លឺថ្លាមានសុខភាពល្អ ដោយមិនចាំបាច់ផាត់មុខក្រាស់ៗដូចមុនទៀត។ នៅពេលនិយាយអំពីស្បែកស្រស់ស្អាត និងមានជាតិទឹកមនុស្សជាច្រើនតែងតែនឹកគិតដល់ស្បែកស្ត្រីកូរ៉េមុនគេ។ ព្រោះជនជាតិកូរ៉េបើទោះបីជាពួកគេជាមនុស្សសាមញ្ញដែលមិនមែនជាតារាល្បីឬជាអាយដលក៏ដោយ ស្បែករបស់ពួកគេមើលទៅ សនិងថ្លាបែបធម្មជាតិ និងគ្មានស្នាមអុចខ្មៅឡើយ។
ថ្ងៃនេះយើងនឹងបង្ហាញនូវអាថ៌កំបាំងមួយចំនួន ដើម្បីទទួលបានស្បែកចែងចាំងដូចកញ្ចក់ មានជាតិទឹកនិងពន្លឺដូចនារីកូរ៉េ។


សម្អាតមុខ ២ ជំហាន
ត្រូវចងចាំថាភាពស្អាតអនាម័យ គឺជាទ្វារទៅកាន់ស្បែកស្អាតនិងមានសុខភាពល្អ។ ដូចនេះការលាងមុខរបស់អ្នកជាមួយហ្វូមលាងសម្អាតតែមួយមុខ ប្រហែលជាមិនអាចសម្អាតស្បែកបានជ្រៅស្អាតល្អនោះទេ។ ជាតិកខ្វក់នឹងបន្សល់នៅលើផ្ទៃមុខ ដូច្នេះសូមណែនាំនូវវិធី សម្អាតមុខ ២ ជំហាន ដែលវាជួយជម្រះជាតិកខ្វក់ចេញពីស្បែកបានទាំងស្រុង។ ការលាងមុខរបស់អ្នកជាមួយវិធីនេះ អ្នកអាចចាប់ផ្តើមដោយប្រើក្រមួនឬទឹកជូតសម្អាតគ្រឿងសម្អាងជាមុនសិន ដើម្បីសម្អាតជាតិខ្លាញ់និងភាពកខ្វក់ចេញពីស្បែករបស់អ្នក។ បន្ទាប់មកទើបប្រើហ្វូមលាងមុខដើម្បីសម្អាតស្បែកម្តងទៀត។ ទោះបីជាការលាងមុខរបស់អ្នកពីរដងអាចស្តាប់ទៅពិបាក ប៉ុន្តែវិធីនេះនឹងជួយឱ្យស្បែកអ្នកស្អាតរឹងមាំនិងមើលទៅភ្លឺជាងមុន។   
ជម្រុះកោសិកាចាស់ៗលើស្បែកដើម្បីបំបាត់ភាពគ្រើម


ចង់បានស្បែកសម៉ដ្ឋរលោងគ្មានស្នាម ជំហានដើម្បីថែរក្សាស្បែករបស់អ្នកដែលមិនអាចបំភ្លេចបានគឺ ជម្រុះកោសិកាចាស់ៗនៅលើស្បែក ជាប្រចាំ។ ជាធម្មតាកោសិកាស្បែករបស់យើងត្រូវបានបង្កើតឡើងវិញគ្រប់ពេលវេលា។ សម្រាប់មនុស្សមួយចំនួនវដ្តនៃការបង្កើតស្បែកឡើងវិញអាចយឺតឬគ្មានប្រសិទ្ធភាព បណ្តាលឱ្យកោសិកាស្បែកចាស់ៗ ដែលនៅសេសសល់ក្លាយទៅជាបញ្ហាស្បែកស្រអាប់និងមិនស្រស់ថ្លា។ មិត្តនារីៗដែលចង់បានស្បែកស្អាតដូចកញ្ចក់គួរស្រ្កាប់ស្បែកមុខឱ្យបានទៀងទាត់ ២-៣ ដងក្នុងមួយសប្តាហ៍។ ការជម្រុះកោសិកាស្បែកចាស់ៗដើម្បីមិនបង្កឲ្យស្បែកស្ទះរន្ធញើស និងជំរុញការបង្កើតកោសិកាថ្មីឡើងវិញ និងធ្វើឲ្យស្បែកមើលទៅភ្លឺនិងមានសុខភាពលជាងមុន។

ប្រើទឹកជូតមុខ


មនុស្សជាច្រើនអាចរំលងជំហាននៃការថែរក្សាស្បែកបន្ទាប់ពីលាងមុខរួច ដោយភ្លេចប្រើទឹកជូតមុខក្នុងជំហានបន្ទាប់។ ប៉ុន្តែសម្រាប់ស្ត្រីជនជាតិកូរ៉េពួកគេតែងប្រើទឹកជូតមុខបន្ទាប់ពីលាងមុខដើម្បីរក្សាតុល្យភាព pH ស្បែករបស់ពួកគេ និងជួយឲ្យផលិតផលថែរក្សាស្បែកដទៃទៀតស្រូបចូលទៅក្នុងស្បែកបានល្អជាងមុន។

លាបសេរ៉ូមដើម្បីបំប៉ននិងអាចព្យាបាលទៅតាមបញ្ហាស្បែក

ប្រសិនបើនិយាយចំពោះអ្នកដែលស្រលាញ់គិតគូរពីស្បែកខ្លាំងនោះ ពួកគេមិនមែនប្រើតែសេរ៉ូមួយមុខទេ។ មានសេរ៉ូមមួយផ្នែកសម្រាប់ទុកថែបំប៉នស្បែកទូទៅ និងមួយផ្នែកទៀត ទុកសម្រាប់ប្រើត្រង់បរិវេណស្បែកមុខដែលមានបញ្ហា និងមានប្រសិទ្ធភាព ចំពោះសភាពស្បែកច្រើនប្រភេទខុសៗគ្នា៕