News information | aligo.com.kh
Create Your World
X You has been :
X You has been :

រូបមន្តស្បែកស្អាត ដែលអ្នកគួរធ្វើជារៀងរាល់ព្រឹក

មានមនុស្សជាច្រើនគិតថា ប្រសិនបើចង់បានស្បែកស្អាត គួរយកចិត្តទុកដាក់ខ្លាំងតែនៅពេលយប់គឺគ្រប់គ្រាន់ហើយ ប៉ុន្តែតាមការពិត ការថែទាំនៅពេលព្រឹកក៏ជាជំហានសំខាន់មួយដែលអ្នកមិនគួរមើលរំលងនោះទេ។ ត្រូវតែឆ្លៀតពេលខ្លះ ដើម្បីធ្វើឲ្យស្បែកមុខស្អាតភ្លឺថ្លា។ 

ជំហានទី១៖ លាងមុខ

វាជាដំណាក់កាលដ៏សំខាន់មួយ ដែលអ្នកត្រូវលាងសម្អាតនូវផលិតផលថែរក្សាស្បែក ឬធូលីតូចៗដែលជាប់នៅលើផ្ទៃមុខ ក្នុងអំឡុងពេលដែលអ្នកគេង។ លុបលាងជាមួយនឹងទឹកក្តៅឧណ្ណៗកាន់តែល្អ ប៉ុន្តែមិនក្តៅខ្លាំងពេកទេ ព្រោះវាអាចបណ្តាលឲ្យស្បែកស្ងួត។ ត្រូវប្រើកន្សែងស្អាតសម្រាប់ជូតមុខ បែងចែកដាច់ដោយឡែកពីកន្សែងជូតខ្លួន ឬអាចប្រើសំឡីជូតមុខក៏បាន។

ជំហានទី២៖ ផឹកភេសជ្ជៈជំនួយស្បែក


ដើម្បីជួយឲ្យស្បែកស្អាតនិងមានភ្លឺចែងចាំង អ្នកគួរចាប់ផ្តើមថ្ងៃថ្មី ដោយការផឹកទឹកក្តៅឧណ្ណៗមួយកែវ លាយក្រូចឆ្មារនិងទឹកឃ្មុំបន្តិចជាការស្រេច។ វាគឺជាភេសជ្ជៈដែលជួយបណ្តេញជាតិពុល ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងវីតាមីន C ដែលធ្វើឲ្យស្បែករលោងបែបធម្មជាតិតែម្តង។
ជំហានទី៣៖  ម៉ាស្សាមុខ


ក្រៅពីការប្រើប្រាស់ផលិតផលផ្សេងៗប្រចាំថ្ងៃ គួរបញ្ចូលការម៉ាស្សាដោយប្រើម្រាមដៃបន្ថែម។ វិធីម៉ាស្សាគឺងាយស្រួលខ្លាំងណាស់ដោយគ្រាន់តែប្រើម្រាមដៃទាំងសងខាង ហើយម៉ាស្សាថ្នមៗជារង្វង់ ឲ្យសព្វពេញផ្ទៃមុខប្រមាណ ២នាទី។ វិធីនេះដែរគឺជួយសម្រួលដល់ចលនាឈាម ធ្វើឲ្យស្បែកភ្លឺ និងមានសុខភាពល្អ។ ក្រៅពីនេះ អ្នកអាចប្រើដងរុញម៉ាស្សាមុខជំនួសឲ្យម្រាមដៃក៏បានដែរ។

ជំហានទី៤៖ ហាត់ប្រាណ


ការហាត់ប្រាណនៅពេលព្រឹកប្រហែលជាមិនស្រួលធ្វើនោះឡើយសម្រាប់មនុស្សមួយចំនួន ជាពិសេសអ្នកដែលរវល់ខ្លាំងឬមិនចូលចិត្តងើបពីព្រលឹម។ យ៉ាងណាមិញការហាត់ប្រាណនៅពេលព្រឹក មិនថាច្រើនឬតិចក៏ដោយ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឲ្យស្បែកស្អាតនិងមានសុខភាពរឹងមាំ។ មិនតែប៉ុណ្ណោះវាអាចជួយកាត់បន្ថយភាពតានតឹង និងជួយសម្រួលដល់ចលនាបេះដូងឲ្យមានភាពប្រសើរឡើងផងដែរ។

ជំហានទី៥៖ ជូតទឹក Toner


ប្រសិនបើអ្នកមានប្រភេទស្បែកមុខប្រេង ឬងាយនឹងចេញមុន នេះគឺជាដំណាក់កាលថែទាំស្បែកដ៏សំខាន់មួយ។ ការប្រើទឹក Toner អាចជួយពង្រឹងតុល្យភាពរបស់ស្បែក និងការពារមិនឲ្យឡើងជាតិប្រឹងលើលសកម្រិតទេ។ ត្រូវប្រាកដថាអ្នកជ្រើសរើសប្រភេទទឹក Toner ដែលគ្មានជាតិអាល់កុល និងផ្សំឡើងពីគ្រឿងផ្សំធម្មជាតិដូចជា ផ្កា Chamomile វីតាមីន E ឬ ទឹកឃ្មុំជាដើម៕