News information | aligo.com.kh
Create Your World
X You has been :
X You has been :

៥ ជំហាន ជួយឲ្យការផាត់មុខ ភ្លឺរលោងពេញមួយថ្ងៃ

ការតុបតែងមុខដែលមើលទៅ ពោរពេញដោយភាពលោងបែបនារីកូរ៉េ គឺកំពុងតែទទួលបានការពេញនិយមពីសំណាក់មិត្តនារីៗជាច្រើន។ បន្ទាប់ពីការប្រើប្រាស់គ្រឿងសម្អាង ផ្ទៃមុខនៅតែទន់រលោង មិនកក ស្អាតបែបធម្មជាតិ ប្រសិនបើអ្នកធ្វើតាម ៥ ជំហានខាងក្រោមនេះ។

 ១. ស្គាល់ពីប្រភេទស្បែករបស់ខ្លួនឯង


ប្រៀបដូចជាអាកាសធាតុដូច្នេះ ស្បែកមុខតែងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ​ អាស្រ័យទៅតាមការថែរក្សានិងសុខភាពរបស់អ្នក។ ស្បែកមុខខ្លះគឺមានសភាពស្ងួតខ្លាំង ដែលត្រូវផ្តល់សំណើមឲ្យបានគ្រប់គ្រាន់ ឯស្បែកខ្លះវិញគឺសម្បូរដោយជាតិប្រេង ដែលត្រូវទប់ស្កាត់ឲ្យបានត្រឹមត្រូវ។ ហេតុនេះហើយ ទើបបានជាអ្នកគួរដឹងពីប្រភេទស្បែកឲ្យបានច្បាស់លាស់ ដើម្បីអាចជ្រើសរើសផលិតផលមួយដែលស័ក្តិសមជាមួយនឹងស្បែក។

 ២. លាងមុខ និងជម្រុះកោសិកានៅពេលចាំបាច់


ការលុបលាងមុខ​ជាអ្វីដែលអ្នកត្រូវធ្វើជាប្រចាំ ដោយនៅពេលយប់លាងជាមួយនឹងប្រភេទហ្វូមដែលមានពពុះច្រើន ហើយពេលព្រឹកគឺប្រភេទហ្វូមដែលមានកម្រិតស្រាល។  ក្រៅពីការលាងសម្អាត អ្នកក៏គួរធ្វើការជម្រុះកោសិកាចាស់១-២ដង ក្នុងមួយសប្តាហ៍ ដើម្បីជួយឲ្យស្បែកទន់រលោង និងងាយស្រួលក្នុងការតុបតែងមុខ ឲ្យចូលសព្វល្អ។

 ៣. ប្រើទឹកជូតដើម្បីបង្កើនតុល្យភាពដល់ស្បែក


ប្រសិនបើអ្នកជាមនុស្សដែលស្រលាញ់ស្បែកមុខខ្លាំង អ្នកច្បាស់ជាមិនរំលងនូវការប្រើប្រាស់ដោយទឹកជូតនោះទេ ជាពិសេសគឺមុនពេលផាត់មុខតែម្តង។ សម្រាប់អ្នកដែលមានស្បែកស្ងួត គឺត្រូវប្រើទឹកជូតដែលអាចផ្តល់សំណើមបានជ្រៅ ហើយសម្រាប់ស្បែកប្រេង ត្រូវជ្រើសរើសប្រភេទទឹកជូតដែលមិនប៉ះពាល់ដល់រន្ធញើស។

៤. ផ្តល់សំណើម


វាក៏ជាដំណាក់កាលសំខាន់មួយដែរ ព្រោះវាអាចជួយផ្តល់នូវវីតាមីន ជាតិរ៉ែ ដើម្បីការពារដល់ស្រទាប់ស្បែក។ ត្រូវលាបឡេផ្តល់សំណើម រួចទុកចោលប្រហែល៥នាទី ដើម្បីឲ្យវាជ្រាបចូលស្បែកល្អ ទើបធ្វើការតុបតែងមុខតាមក្រោយ។

៥. ប្រើប្រាស់ Primer


បើអ្នកមើលរំលងចំណុចនេះ វានឹងធ្វើឲ្យការផាត់មុខមិនបានពេញលេញគ្រប់គ្រាន់។ ដោយសារតែការលាប primer មុនម្សៅទ្រាប់ អាចជួយទប់ស្កាត់ជាតិប្រេង ជួយឲ្យសាច់ម្សៅជ្រាបចូលមុខសព្វល្អ និងជាប់បានយូរផងដែរ៕