៥ ហេតុផល ដែលអ្នកគួរបែងចែក ឡេលាបមុខសម្រាប់ពេលថ្ងៃ និងពេលយប់ដាច់ដោយឡែកពីគ្នា
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីចាំបាច់ត្រូវមានឡេលាបមុខសម្រាប់ពេលយប់ផង និងពេលថ្ងៃផង? ពេលខ្លះថ្វីត្បិតតែសាច់ឡេឬគ្រីម មើលទៅមានលក្ខណៈស្រដៀងគ្នាក៏ដោយ ប៉ុន្តែវាមានតួនាទីនិងផ្តល់ប្រសិទ្ធភាពខុសគ្នាៗ អាស្រ័យលើការប្រើប្រាស់របស់អ្នក។ ខាងក្រោមនេះជាហេតុផលច្បាស់ៗ បង្ហាញថាអ្នកមិនអាចប្រើឡេលាបមុខពេលយប់និងពេលថ្ងៃ លាយឡំគ្នាផ្តេសផ្តាសបានទេ។
១. ឡេសម្រាប់លាបមុខនៅពេលថ្ងៃ មានតួនាទីការពារពន្លឺព្រះអាទិត្យ
ជាទូទៅសារធាតុការពារកម្តៅថ្ងៃ តែងត្រូវបានគេបញ្ចូលទៅក្នុងប្រភេទឡេលាបមុខនៅពេលថ្ងៃ ដែលចាំបាច់ដើម្បីការពារស្បែក ពីបរិយាកាសពុល ជាពិសេសកាំរស្មី UV។ ផ្ទុយទៅវិញ ប្រសិនបើអ្នកយកវាមកលាបនៅពេលយប់ ស្បែកមុខនឹងប្រឈមជាមួយផលប៉ះពាល់ផ្សេងៗដែលនឹកស្មានពុំដល់។
២. ឡេសម្រាប់លាបមុខនៅពេលថ្ងៃ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្ម តែងមាននៅក្នុងឡេសម្រាប់លាបមុខនៅពេលថ្ងៃ ដែលវាមានតួនាទីចម្បង សម្រាប់ទប់ស្កាត់បញ្ហាស្បែកស្ងួតគ្រើម ស្នាមអុចខ្មៅ មិនស្រស់ថ្លា និងស្នាមជ្រីវជ្រួញ។ នៅពេលថ្ងៃមានរ៉ាឌីកាល់សេរីជាច្រើនដែលជាសត្រូវនៃស្បែក ដូច្នេះហើយឡេនៅពេលថ្ងៃមានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន C វីតាមីន E តែបៃតង ដើម្បីតទល់ជាមួយសត្រូវរបស់ស្បែកនៅពេលថ្ងៃ ធ្វើឲ្យស្បែកស្រស់ស្អាតមានសុខភាពល្អ។
៣. ឡេសម្រាប់លាបមុខនៅពេលថ្ងៃ មានសភាពរាវឆាប់ជ្រាបចូលស្បែក
នៅពេលថ្ងៃអ្នកច្បាស់ជាត្រូវមានការតុបតែងមុខ មិនថាតិចឬច្រើនក្តី។ ហេតុនេះហើយ ទើបជាឡេលាបមុខសម្រាប់ពេលថ្ងៃ ត្រូវបានផលិតឡើង ដោយមានកំហាប់ស្រាល ឆាប់ជ្រាបចូលស្បែក ងាយស្រួលប្រើប្រាស់ជាមួយនឹងគ្រឿងសម្អាង ជួយទប់ស្កាត់ជាតិខ្លាញ់ ការពារភាពស្អិត និងធ្វើឲ្យស្បែកភ្លឺស្រស់ថ្លាពេញមួយថ្ងៃ។
៤. ឡេសម្រាប់លាបមុខនៅពេលយប់ មានកំហាប់ខាប់ ដើម្បីផ្តល់សំណើមជ្រៅទៅក្នុងស្រទាប់ស្បែក
យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា នៅពេលយប់ស្បែកមានការបាត់បង់ជាតិទឹកយ៉ាងច្រើន ដូច្នេះហើយទើបបានជាអ្នកត្រូវលាបឡេដែលអាចផ្តល់សំណើមគ្រប់គ្រាន់ដល់ស្បែក។ ជាពិសេសសម្រាប់អ្នកដែលមានស្បែកស្ងួតខ្លាំង ឬឆាប់រងនូវប្រតិកម្ម គួរលាបឡេដែលមានសភាពខាប់ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយផ្តល់សំណើម ធ្វើឲ្យស្បែកភ្លឺរលោង ទោះបីជាត្រូវនឹងខ្យល់កង្ហារឬម៉ាស៊ីនត្រជាក់ពេញមួយយប់ក៏គ្មានបញ្ហាចោតនោះដែរ។
៥. ឡេសម្រាប់លាបនៅពេលយប់ ផ្តោតសំខាន់ទៅលើការប្រឆាំងនឹងភាពចាស់
ស្បែកមានការផលិតកោសិកាថ្មីៗឡើងវិញនៅពេលយប់
ហើយវាក៏ជាពេលវេលាដ៏ល្អឥតខ្ចោះ
ដែលអ្នកចាំបាច់ត្រូវលាបឡេដើម្បីទប់ស្កាត់ប្រឆាំងនឹងភាពចាស់។ ឡេលាបនៅពេលយប់
សម្បូរទៅដោយសារធាតុផ្សំល្អៗដូចជា ceramides និងវីតាមីនច្រើនប្រភេទ
ដើម្បីចូលទៅថែបំប៉នស្បែកក្នុងអំឡុងពេលដែលអ្នកកំពុងគេង៕